លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយក្នុងថ្ងៃពុធនេះថា ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo មិនសប្បាយចិត្តឡើយ ក្រោយមិនបានចូលលេងកាលពីប្រកួតប៉ះនឹងក្លឹបមេឃខៀវ Manchester City ក្នុងថ្ងៃអាទិត្យកន្លងទៅ។
លោក Ten Hag បានលើកឡើងថា៖ «[Ronaldo] មិនសប្បាយចិត្ត នៅពេលដែលគេមិនបានលេងកាលពីថ្ងៃអាទិត្យ»។
នៅក្នុងប្រកួតប៉ះនឹង Manchester City កីឡាករល្បីជនជាតិព័រទុយហ្គាល់មួយនេះមិនត្រូវបានដាក់ឱ្យចូលលេងនោះទេ។ ជាមួយគ្នានេះដែរ លោក Ten Hag បានលើកហេតុផលថា ដោយសារតែមិនចង់ឱ្យ Ronaldo បាក់មុខ ទើបលោកមិនដាក់គេចូលលេង។
«នៅពេលដែលគេនាំមុខយើង ៤-០ ឬ ៦-១ ខ្ញុំនិយាយថា ខ្ញុំមិនដាក់ [Ronaldo] ចូលលេង ដោយសារតែខ្ញុំគោរពគេ»។ នេះជាការលើកឡើងរបស់គ្រូបង្វឹកក្លឹប Manchester United។
ស្របពេលដែលក្លឹបមួយនេះនឹងប៉ះជាមួយក្លឹបស៊ីប្រ៊ូស Omonia នៅថ្ងៃស្អែកក្នុងក្របខ័ណ្ឌ Europa Leauge លោក Ten Hag បានបន្ថែមថា Ronaldo នៅតែមានអារម្មណ៍ល្អ ហើយនៅហ្វឹកហាត់បានធម្មតាទេ៕