គ្រប់ការប្រកួតកីឡាគ្រប់ប្រភេទទាំងអស់នៅចក្រភពអង់គ្លេសអង់គ្លេស ត្រូវបានរំសាយទាំងអស់នៅសប្ដាហ៍នេះ។
ការផ្អាករាល់ការប្រកួតកីឡាគ្រប់ប្រភេទ ក៏ដូចជាការកម្សាន្តនានាគឺ ដើម្បីចូលរួមគោរព និងរំលែកទុក្ខនូវការបាត់បង់ ព្រះមហាក្សត្រី Elizabeth II បានយាងចូលទីវង្គតកាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងកម្ពុជា) នៅក្នុងជន្មាយុ ៩៦ព្រះវស្សា ដែលបានគ្រងរាជ្យសម្បត្តិជាព្រះមហាក្សត្រីអស់រយៈពេល ៧០ឆ្នាំ។
ដូចជាការប្រកួតបាល់ទាត់ UEFA Europa League យប់មិញដែលមិនអាចរំសាយបានដោយសារតែដំណឹងភ្លាមៗ ក្លឹបចក្រភពអង់គ្លេសដូចជា Manchester United, Arsenal, West Ham and Heart បានធ្វើស្ងៀមស្ងាត់រយៈពេល១នាទី មុនការប្រកួត ដើម្បីជាការចូលរួមគោរព និងកាន់ទុក្ខដ៏ធំនេះ។
ជាក់ស្ដែងក្រោយពីទទួលដំណឹងខាងលើច្បាស់ ការប្រកួតរវាង Burnley និង Norwich City ក្របខ័ណ្ឌ Championship ជាដើមនៅក្នុងថ្ងៃនេះត្រូវបានរំសាយទាំងអស់។
នៅខណៈនេះរាល់ការប្រកួតកីឡាទាំងអស់បានប្រកាសនៅបន្តររំសាយដល់ចប់សប្ដាហ៍នេះជាបន្តបន្ទាប់ ដោយជាពិសេសសម្រាប់ការប្រកួតបាល់ទាត់អង់គ្លេសចុងសប្ដាហ៍នេះគឺបានផ្អាក ដោយនឹងលើកពេលប្រកួតនៅថ្ងៃផ្សេងនៅពេលក្រោយ។
ស្ថាប័នកីឡាគ្រប់ប្រភេទនៅអង់គ្លេស សុទ្ធតែបានសរសេរសារដឹងគុណ និងរំលែកទុក្ខចំពោះការបាត់បង់ដ៏ធំធេងនូវ ព្រះមហាក្សត្រី Elizabeth II៕